កតញ្ញូ
កតញ្ញូតាការដឹងគុណ ជាទុនជីវិតពិតដ៏ឆ្នើម
ជួយញ៉ាំងបារមីធំសម្បើម និងជាដង្ហើមនៃកុសល ។
កតញ្ញូតាការដឹងគុណ នាំចាកទារុណបាបកង្វល់
គឺជាបញ្ញាគ្រឿងតម្កល់ នាំខ្លួនចូលដល់កុសលកម្ម ។
គុណធម៌ល្អណាស់ក្នុងខ្លួនមនុស្ស កូនកុំប្រទូស្តត្រូវចងចាំ
ជាធម្មតាគុណគ្មានប្រេះស្រាំ ទោះយូរខែឆ្នាំនៅតែល្អ ។
បើកូនចង់បានជាមនុស្សពិត ត្រូវមានគំនិតថ្លៃបវរ
កូនកុំយកខ្មៅធ្វើជាស កុំយកគុណល្អមកជាន់ឈ្លី ។
កម្មស កម្មខ្មៅ
បុណ្យគឺផលសជាញាតិផៅ បាបគឺផលខ្មៅបោលសម្រុក
ជីវិតសោយផលទុក្ខឬសុខ លំបាកស្រណុកកើតពីកម្ម ។
ដាំស្វាយបេះស្វាយដោយខ្លួនឯង ដាំស្លែងបេះស្លែងជាប្រចាំ
បេះផ្លែពីដើមដែលខ្លួនដាំ ផលកើតពីកម្មដែលខ្លួនធ្វើ ។
រូបតែងប្រែប្រួលដួលរលំ វេទនាស្រែកយំជូនដំណើរ
សញ្ញាចាំផ្លូវដែលត្រូវដើរ សង្ខាររុះរើសាងរូបថ្មី ។
វិញ្ញាណឆក់បាបឬឆាបបុណ្យ តាមផលសុខសុន្ទរ៍ឬអប្រិយ
វិបាកជាញាតិក្នុងភពថ្មី អាក្រក់ល្អក្ដីផ្សំសន្ដាន ។
លះបាបចាប់បុណ្យពុនជាស្បៀង ស្វែងរកផលទៀងស្ងប់សុខសាន្ត
ស្ពានមគ្គឥតមារមករំខាន គឺសតិប្បដ្ឋានផ្លូវបវរ ។
សតិបញ្ញាថ្លាផូរផង់ ចិត្តចំពោះត្រង់កាយចេញចរ
មគ្គចំពោះមុខឃើញផលស និព្វានបវរសុខសុចិណ្ណ ។
ចេះដឹងយល់ស្គាល់រាល់បទបែប ទុរេនឆ្ងាញ់ក្លែបក្រអូបក្លិន
អ្នកប្រាជ្ញបណ្ឌិតគំនិតឆ្អិន ក៏គង់តែមិនស្មើព្រះធម៌ ។
ចេះដឹងធម៌ពិតខំគិតគូរ ហើយខំតស៊ូរាយពិព័រណ៍
ស្មារតីរឹងប៉ឹងកុំញាប់ញ័រ រម្ងាស់យកជ័រចេញពីសាច់ ។
គឺសតិប្បដ្ឋានវិបស្សនា ចូលលុកកាប់ឆ្ការស៊ូប្ដូរផ្ដាច់
ឃើញចិត្តចេតសិករូបជាបាច់ គាស់រំលើងកាច់ផ្ដាច់ឫសគល់ ។
បើចិត្តជំពាក់នឹងជាតិភព ព្រោះមោហ៍ទល់ទប់ងប់វិលវល់
សតិបញ្ញាថ្លាវិមល កម្ចាត់ឫសគល់ឲ្យអស់ទៅ ។
សត្វដែលកើតស្លាប់ក្នុងត្រៃភព ងងឹតដូចយប់កុំចង់នៅ
បើមិនព្រមឡើងទូកសំពៅ លិចកាន់តែជ្រៅងើបលែងរួច ។
រូបប្រៀបបាននឹងពពុះទឹក ដែលភក់វល់វឹកឲ្យងើបព្រួច
ជីវិតតាំងនៅបានតិចតួច ដូចភ្លើងកាំជ្រួចឆេះរលត់ ។
នាមដែលពឹងរូបមិនថេរឋិត ចេតសិកនាំចិត្តឲ្យរន្ធត់
រូបជាជម្រកតែមួយគត់ នាមកើតរលត់រាល់ខណៈ ។
សតិប្បដ្ឋានវិបស្សនា លើកយកបញ្ញាចាំងប្រចក្ស
ឃើញសភាវៈធម៌រងគ្រោះថ្នាក់ តោងលោកុត្តរលះលោកិយ ។
លះបាបចាប់បុណ្យសម្អាតចិត្ត បានតោងជាប់ស្អិតក្នុងស្មារតី
គំនិតមិនថ្លាបញ្ញាខ្លី សូមទានប្រណីអភ័យផង ។
ដឹងខ្លះស្វះស្វែងឈ្លេចខ្លឹមសារ ឲ្យយល់អត្ថអាថ៌ខំដោតក្រង
ទើបបានសម្រេចដូចបំណង លើកបុណ្យចម្បងជូនលោកអ្នក ។
បើឃើញខ្វះខាតឬខុសឆ្គង លើសលស់រំលងឆ្លងវោតវគ្គ
គំនិតមិនជ្រៅបញ្ញារាក់ សូមទានបញ្ជាក់យកបុណ្យទៀត ។
រីបុណ្យលោកអ្នកបុណ្យខ្ញុំបាទ កុំឲ្យបង់ខាតគប្បីឆ្លៀត
ប្រមូលលើកជូនជនឯទៀត គឺជនរួមជាតិទាំងប្រុសស្រី ។
មិនថាសត្រូវឬមួយមិត្ត ព្រមទាំងមិនគិតចាស់ក្មេងក្ដី
រហូតសព្វសត្វក្នុងភពបី បានសុខសួស្តីតទៅមុខ ។
សូមឃើញពន្លឺនៃព្រះធម៌ ឈប់ភ័យញាប់ញ័រព្រោះកងទុក្ខ
ក្នុងជាតិកំផុយភពកំពុក ចាកលោកជាគុកតទៅហោង ។
ការក្រែងចិត្ត
បុថុជ្ជននៅល្ងង់លង់ក្នុងកិលេស ដូច្នេះចូរប្រឹងកុំខឹងពាសវាល
សេពគប់បណ្ឌិតពិតកុំរយាល កុំខ្ជិលដេកទ្រាលកុំអួតខ្លួនឯង ។
មើលចុះភ្នំធំក៏គង់រលាយ ទឹកបឹងទាំងឡាយហួតដោយសូរ្យសែង
ខ្លួនយើងតូចម្ល៉ឹងត្រូវប្រឹងកោតក្រែង កុំលើកខ្លួនឯងត្រូវក្រែងចេះគេ ។
ទោះបីទ្រង់គ្រឿងរុងរឿងដោយយស ដើរអួតឫកខ្ពស់យសសូន្យទទេ
ទ្រង់ចិត្តដោយធម៌កាយមិនទំនេរ មកុដសីលលើសិរគេឯងបានសុខ ។
ការគ្រប់គ្រងចិត្តនាំមកនូវសេចក្ដីសុខ
គេមានផ្នែក ប៉ែកមិនល្អ កូនកុំឃ្នើស
កូនត្រូវជ្រើស រើសយកស ល្អគេមាន
ជាប្រយោជន៍ ហោចប្រកាន់ ឆ្ពោះនិព្វាន
ខុសប៉ុន្មាន ជាបាបគ្រោះ របស់គេ ។
ការបដិបត្តិនូវតួនាទីជាមនុស្សគឺជាការបដិបត្តិនូវធម៌ដ៏សមគួរតាមធម៌
តួនាទី ត្រូវសំភី ធ្វើឲ្យល្អ
ចិត្តស្មោះស បន្តការ ស្មារតីមាន
មិនប្រមាទ ក្នុងជីវិត ពិតជាស្ពាន
ចាកអត់ឃ្លាន ឈានឆ្លងគ្រោះ រស់ប្រពៃ ។
ខ្ជិលធ្វើការ មានឈ្មោះថា ស្លាប់ទាំងរស់
ស្លាប់ដូចពស់ រស់កង្កែប បែបសត្វរៃ
ហេតុដូច្នេះ កូនត្រូវចេះ ឆ្លាតវាងវៃ
កម្ចាត់ភ័យ លៃឲ្យសព្វ ញាប់ដៃជើង ។
ការព្រមព្រៀងគ្នា
ការព្រមព្រៀងគ្នានៃពួកក្រុម ការងារតូចធំពុំលំបាក
បើបែកបាក់គ្នាទុក្ខឥតស្រាក ស្រកេកស្រកាកការពុំស្រេច ។
ប្រៀបដូចជាមគ្គអង្គប្រាំបី នៅលើលោកិយកាត់មិនដាច់
ព្រោះមិនគ្រប់អង្គទើបមិនស្រេច លោកុត្តរផ្ដាច់ព្រោះព្រមព្រៀង ។
ការមិនប្រកាន់ខ្លួន
មនុស្សទន់វាចាមេត្តាក្នុងចិត្ត ពោលមិនវិបរិតគំនិតទូន្មាន
ខ្លឹមសារសម្ដីមានន័យដូចស្ពាន ឬដូចជាយាននាំអ្នកដំណើរ ។
មនុស្សទន់រិះគន់តែទោសកំហុស ត្រង់ត្រូវវិញនោះតែងដាក់ជណ្ដើរ
តម្កើងមនុស្សល្អឲ្យរឹតប្រសើរ នាំអ្នកដំណើរដើរក្នុងផ្លូវត្រូវ ។
គរវោ ច និវាតោ ច ពីរនេះស្មោះស្ម័គ្រជាអ្នកនាំផ្លូវ
មង្គលឧត្តមផុតរឿងអាស្រូវ អ្នកនាំដើរផ្លូវទៅទីខ្ពង់ខ្ពស់ ។
មួយគឺ គារវៈ គោរពកោតក្រែង ពីរព្រះសម្ដែងមានន័យពីរោះ
និវាតោ ច នាំចេញជម្លោះ រួចផុតចាកគ្រោះព្រោះដាក់ខ្លួនទាប ។
ទាបទន់ភ្លន់ពិតគំនិតឧត្តម រៀបកាយសមរម្យនិយមសុភាព
មិនមែនទន់ខ្សោយសូមឲ្យបានជ្រាប នេះគឺគុណភាពជីវិតពិតហោង ។
កាលមុនខ្ញុំក៏ដូចអ្នកដែរ
សុភាពបុរសកំលោះសង្ហា ជាទីប្រាថ្នានៃស្រីទាំងឡាយ
ក្រមុំគ្រប់លក្ខណ៍ល្អភក្រ្តល្អកាយ បុរសទាំងឡាយតែងតែប្រាថ្នា ។
ចំពោះអ្នកដែលសង្រួមឥន្រ្ទីយ៍ ជាន់ឈ្លីអវិជ្ជាចេញពីចិន្តា
គឺជាអ្នកញ៉ាំងសេចកី្តជ្រះថ្លា ដល់ជនគ្រប់គ្នាទាំងអស់ទួទៅ ។
បណ្ឌិតឥតគិតបៀតបៀនអ្នកណា ឆ្គាំឆ្គងម្ដេចម្ដាជួយប្រាប់តម្រូវ
តែងមានមេត្តាដល់ជនទួទៅ គោរពម៉ែ ឪចិញ្ចឹមថ្នមថែ ។
ឆ្អឹងខ្មោចសាកសពបុរសស្រ្តី ហាក់ដូចស្រដីទាំងយំត្អូញត្អែរ
ថាកាលមុនខ្ញុំក៏ដូចអ្នកដែរ អ្នកក៏គង់តែដូចខ្ញុំដែរទេ ។
ដំបូលគ្មាន ទ សម្រាប់ត្រងទឹក ភ្លៀងធ្លាក់សន្ធឹកពាងទឹកទំនេរ
ដំបូលមាន ទ ទឹកច្រើនជាងគេ កម្លាំងខ្លាំងទ្វេចូលពាងឥតខ្វល់ ។
យ៉ាងណាចិត្តឥតបានប្រមូលផ្ដុំ ឲ្យមកជួបជុំលើបុណ្យកុសល
ចិត្តនោះបែងចែកបែកច្រើនកិច្ចកល តាមអកុសលងងុលឥតស្វាង ។
បើចិត្តផ្ដុំគ្នាសទ្ធាតាំងមាំ សតិឆ្ពោះចំកុសលតែម៉្យាង
កម្លាំងបុណ្យខ្លាំងតាំងជាតំណាង បញ្ញាភ្លឺស្វាងសាងសុខសិរី ។
មាសប្រាក់ចាយបានពេលមានជីវិត បុណ្យកុសលពិតស្លាប់រស់មិនថ្វី
បុណ្យតែងទ្រទ្រង់ឲ្យផុតទុក្ខភ័យ ឆ្លងគ្រោះភពត្រៃក្នុងវដ្ដសង្សារ ។
កុសលត្រូវឆេះដោយភ្លើងលោភៈ
មុខមាត់ស្រស់បស់ព្រោះបានជួបជុំ រងទុក្ខប៉ុនភ្នំយំព្រោះព្រាត់ប្រាស
យប់មានដួងខែព្រោះមេឃស្រឡះ លោភលន់ឥតខ្មាសព្រោះប្រាថ្នាធំ ។
សទៅជាខ្មៅព្រោះពណ៌ដៅចុះ ត្រូវទៅជាខុសព្រោះតែគំនុំ
ដំបៅមិនសះព្រោះខ្ទុះវាកុំ ដើមឈើរលំព្រោះដាច់ឫសគល់ ។
ក្នុងផ្ទះងងឹតព្រោះបិទបង្អួច ចោរហ៊ានចូលលួចព្រោះកម្មឲ្យផល
អាក្រក់ថាល្អព្រោះតែមិនយល់ វង្វេងវិលវល់ព្រោះអវិជ្ជា ។
តម្កើងឫកខ្ពស់ព្រោះតែភ្លចខ្លួន ផ្តើមរឿងគុំកួនព្រោះតែឥស្សា
កើតជាជម្លោះព្រោះឥតមេត្តា ហ៊ានពោលមុសាព្រោះតែចង់ឈ្នះ ។
បាត់បង់ខន្តីព្រោះកី្តប្រាថ្នា បាត់បង់ធម៌អាថ៌បុណ្យត្រូវវិនាស
ដើមត្នោតដាច់កព្រោះតែរន្ទះ បូជាសំពះព្រោះតែជ្រះថ្លា ។
គុណធម៌ធ្លាក់ទាបព្រោះលាភទាញចុះ សីលដាច់ធ្លាយសុសព្រោះតែតណ្ហា
លោភៈនាំចង់បាត់បង់បញ្ញា ទោះរៀនធម៌អាថ៌ក៏ពុំងាយចេះ ។
មានតិចខ្វះតិចព្រោះលោភឥតកើន មានច្រើនខ្វះច្រើនព្រោះកើនកិលេស
ចាប់ផ្តើមសន្សំព្រោះលោភបញ្ឆេះ កុសលត្រូវឆេះព្រោះភ្លើងលោភៈ ។
ក ខ ជាសទ្ធា ន ជាអ្នកយាម
អហំខ្ញុំបាទសង្វាតឥតឃ្លាត តែងកាព្យជូនញាតិគ្រាន់ជាជំនួយ
ពេលអានធម៌ចប់ក្រែងបានស្រាកព្រួយ ព្រោះជីវិតមួយព្រួយគ្រប់តែគ្នា ។
អ្នកប្រាថ្នាធំព្រួយផ្ដុំច្រើនឡើង អ្នកតណ្ហាស្តើងស្រាកទុក្ខគ្រាំគ្រា
ខ្ញុំតែងកាព្យជូនជនគ្រប់អង្គា ក្នុងន័យធម៌អាថ៌ប្រាថ្នាផុតទុក្ខ ។
មានអក្ខរក្រមអ្នកនាំមុខឃ្លា ប្រៀបដូចសទ្ធានាំផលគ្រប់មុខ
មាន ន យាមក្រោយកុំឲ្យជួបទុក្ខ ពាក្យជួនបានសុខខំសាងសីលទាន ។
ក កម្មនាំកាយកើតក្នុងស្ថាន ខ ខន្ធប្រាំបានជាកើតមាន
គ គួរគិតគូរកុំបំពាន ឃ ឃើញបុណ្យទានមានផលច្រើន ។
ង ងើបកុំងុយកុំទម្រន់ ច ចិត្តលោភលន់កុំចម្រើន
ឆ ឆោតឆេវឆាវកុំបង្កើន ជ ជាតិកើតកើនទុក្ខពេកពន់ ។
ឈ ឈប់សាងបាបលុះអវសាន ញ ញ៉ាំងសន្តានឲ្យទន់ភ្លន់
ដ ដេញមោហៈភារៈធ្ងន់ ឋ ឋានសុខជនគង់នឹងបាន ។
ឌ ប្រឌិតច្នៃផលបុណ្យខ្លួន ឍ វឌ្ឍនៈក្បួនតាមលំអាន
ណ ណែនាំចិត្តខាត់សន្តាន ត តាមលំអានព្រះទូន្មាន ។
ថ ថែរក្សាផលបច្ចុប្បន្ន ទ ទាញទុកទាន់គ្រាន់ជាយាន
ធ ធនសម្បត្តិគួរធ្វើទាន ន និស្ស័យមានបុណ្យគ្រប់គ្រាន់ ។
ប បាបកម្មមុនគួរលុបដាន ផ ផាត់ពីប្រាណកុំគ្នេរគ្នាន់
ព ពុតពាលត្រូវលះបន្ទាន់ ភ ភ័យមោហន្ធពិតពុំមាន ។
ម មើលថែទាំផលបុណ្យមុន យ យកជាទុនទុកជាស្ពាន
រ រិះរកធម៌ទុកជាយាន ល លែងបំពានតាមពាលជន ។
វ វដ្ដសង្សារដឹងពុំបាន ស សត្វគ្រប់ប្រាណរងទុក្ខធ្ងន់
ហ ហត់រហាមព្រោះលោភលន់ ឡ ឡើងទុក្ខធ្ងន់ព្រោះស្រេកឃ្លាន ។
អ អស់ត្រឹមនេះចប់អំណាន ឯវំ សន្តានអត់ទោសទាន
ត្បិតតួ ឌ ឍ ពុំសូវមាន ប្រើមុខទេទានកុំអាក់អន់ ។
សូមសុខសួស្ដីកុំបីខាន ដល់ញាតិគ្រប់ប្រាណគ្រប់តំបន់
បានសុខចម្រើនផុតមោហន្ធ អស់ភ័យអាសន្នលុះនិព្វាន ។